ព្រះត្រៃបិដក ភាគ ២៤

ក៏​ទ្រង់​យាង​ទៅ​ដោយ​យាន​ត្រឹមនោះ​ ​ហើយ​ទ្រង់​ចុះ​អំពី​យាន​ ​យាង​ដោយ​ព្រះបាទ​ទទេ​ ​ដោយ​បរិស័ទ​អឺងកង​ ​ចូល​សំដៅ​ទៅ​រក​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ទ្រង់​រាក់ទាក់​ជាមួយនឹង​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រាក់ទាក់​ ​នឹង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ទ្រង់​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​បា​ទកោរព្យៈ​ ​ទ្រង់ព្រះ​សណ្ឋិត​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទ្រង់​មាន​ព្រះ​ឱង្ការ​នឹង​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​និមន្ត​គង់​លើ​កម្រាល​ផ្កា​នេះ​ចុះ​។​ ​ព្រះ​រដ្ឋបាល​ថ្វាយព្រះពរ​ថា​ ​ណ្ហើយ​មហារាជ​ ​សូម​ព្រះអង្គ​ទ្រង់​គង់​ចុះ​ ​អាត្មាភាព​ ​អង្គុយ​លើ​អាសនៈ​ ​ជា​របស់​ខ្លួន​ហើយ​។​ ​ព្រះ​បា​ទកោរព្យៈ​ ​ក៏​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ហើយ​។​
 [​២០២​]​ ​លុះ​ព្រះ​បា​ទកោរព្យៈ​ ​ទ្រង់​គង់​ស៊ប់​ហើយ​ ​ក៏​មាន​ព្រះរាជឱង្ការ​នេះ​ ​នឹង​ព្រះ​រដ្ឋបាល​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​សាបសូន្យ៤យ៉ាងនេះ​ ​ដែល​ពួក​មនុស្ស​ខ្លះ​ ​ក្នុង​លោក​នេះ​ចួប​ប្រទះ​ហើយ​ ​តែង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​សេចក្តី​សាបសូន្យ៤យ៉ាង​ ​តើ​ដូចម្តេច​ ​គឺ​សេចក្តី​សាបសូន្យ​ព្រោះ​ជរា១​ ​សេចក្តី​សាបសូន្យ​ព្រោះ​ព្យាធិ១​ ​សេចក្តី​សាបសូន្យ​ភោគៈ១​ ​សេចក្តី​សាបសូន្យ​ញាតិ១​។​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636830247290013682
ទៅកាន់ទំព័រ៖