ព្រះត្រៃបិដក ភាគ ២៤
ភ្លៅ មានកំឡាំងដៃ អង់អាចចុះសង្គ្រាមបាន បពិត្រព្រះរដ្ឋបាលដ៏ចំរើន ចួនណាខ្ញុំសំគាល់ហាក់ដូចជាអ្នកមានឫទ្ធិ មិនសំគាល់ឃើញអ្នកណាថា ស្មើដោយកំឡាំងរបស់ខ្លួនបាន។ មហាបពិត្រ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ឥឡូវនេះ ព្រះអង្គបរិបូណ៌ដោយកំឡាំងព្រះឧរូ បរិបូណ៌ដោយកំឡាំងព្រះពាហុ អង់អាចចុះសង្គ្រាមបាន ដូចកាលពីដើមយ៉ាងនោះដែរឬ។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ហេតុនោះមិនដូច្នោះទេ ឥឡូវនេះ ខ្ញុំជរាហើយ ចំរើនដោយវ័យចាស់ មានអាយុច្រើន ដល់នូវសេចក្តីថមថយដោយលំដាប់ វ័យខ្ញុំដល់៨០ឆ្នាំប្លាយហើយ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ចួនណាខ្ញុំគិតថា នឹងជាន់ត្រង់នេះ ខ្ញុំត្រឡប់ជាជាន់កន្លែងឯទៀតវិញ។ បពិត្រមហារាជ ពាក្យថា សត្វលោកមិនទៀង តែងត្រូវជរានាំចូលទៅ (រកមរណៈ) នេះឯង ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់ត្រាស់សំដៅដល់ហេតុនោះ ដែលអាត្មាភាពបានដឹង បានឃើញ បានឮ ហើយចេញចាកផ្ទះទៅបួស។
ID: 636830249885962162
ទៅកាន់ទំព័រ៖