ព្រះត្រៃបិដក ភាគ ២៤
ពួកសំឡាញ់ជាទាយាទ(១) នាំយកទ្រព្យរបស់បុគ្គលស្លាប់នោះទៅ ចំណែកសត្វក៏ទៅតាមយថាកម្ម ទ្រព្យបន្តិចបន្តួច រមែងមិនទៅតាមបុគ្គលស្លាប់ឡើយ ពួកកូនប្រពន្ធ ទ្រព្យ និងដែន ក៏មិនជាប់តាមទៅទេ បុគ្គលមិនបានអាយុវែង ព្រោះទ្រព្យទេ ទាំងមិនមែនលះបង់ជរាបាន ព្រោះទ្រព្យដែរ អ្នកប្រាជ្ញពោលថា ជីវិតនេះ តិចពេកណាស់ មិនទៀងទាត់ មានសភាពប្រែប្រួលជាធម្មតា ពួកអ្នកស្តុកស្តម្ភក្តី អ្នកកំសត់ក្តី តែងពាល់ត្រូវនូវសម្ផ័ស្សស្លាប់ ទាំងពាល ទាំងប្រាជ្ញ ក៏ពាល់ត្រូវដូច្នោះដែរ តែថា មនុស្សពាល រមែងដេកទាំងតក់ស្លុត ព្រោះសេចក្តីល្ងង់ ចំណែកអ្នកប្រាជ្ញ បើទុកជាពាល់ត្រូវសម្ផ័ស្សស្លាប់ ក៏មិនញាប់ញ័រឡើយ ព្រោះហេតុនោះ បុគ្គលបានដល់អរហត្តផល ជាទីបំផុតកិច្ច ក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះ ប្រសើរវិសេសជាងទ្រព្យ ព្រោះតែខ្លួនមិនទាន់ដល់កិច្ចជាទីបំផុត ពួកជនរមែងធ្វើអំពើអាក្រក់ ក្នុងភពតូច និងភពធំទាំងឡាយ ព្រោះតែសេចក្តីវង្វេង
(១) អ្នកទទួលទ្រព្យមត៌ក។
ID: 636830252748275877
ទៅកាន់ទំព័រ៖