ព្រះត្រៃបិដក ភាគ ២៤
បុគ្គល រមែងចូលទៅកាន់គភ៌ផង កាន់លោកខាងមុខផង ព្រោះដល់នូវការអន្ទោលទៅតៗគ្នា បុគ្គលអប្បប្រាជ្ញា ជឿបុគ្គលនោះ ក៏ចូលទៅកាន់គភ៌ផង កាន់លោកខាងមុខផង ចោរកាន់ធម៌អាក្រក់ ដែលគេចាប់បាន ត្រង់កន្លែងទី-ត ត្រូវគេបៀតបៀន ព្រោះកម្មរបស់ខ្លួន តើយ៉ាងណា ពួកសត្វកាន់ធម៌អាក្រក់ លះលោកនេះទៅហើយ រមែងក្តៅក្រហាយ ព្រោះកម្មរបស់ខ្លួន ក្នុងលោកខាងមុខ យ៉ាងនោះដែរ ព្រោះតែកាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ និងជាទីរីករាយដល់ចិត្ត តែងញាំញីនូវចិត្ត ដោយសភាវៈផ្សេងៗ បពិត្រមហារាជ ព្រោះហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយហើយ បានជាបួស មនុស្សទាំងឡាយ ទាំងក្មេង ទាំងចាស់ លុះបែកធ្លាយសរីរៈហើយ រមែងជ្រុះចុះ ដូចជាផ្លែឈើទាំងឡាយ បពិត្រមហារាជ អាត្មាភាព បានយល់ច្បាស់ នូវហេតុនេះថា សមណភាព ជាការប្រតិបត្តិមិនខុស ប្រសើរជាទីបំផុត ដូច្នេះបានជាបួស។
ចប់ រដ្ឋបាលសូត្រ ទី២។
ID: 636830253062423845
ទៅកាន់ទំព័រ៖