ព្រះត្រៃបិដក ភាគ ២៤
មឃទេវសូត្រ ទី៣
[២១៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងមឃទេវម្ពវ័ន
(១) ជិតក្រុងមិថិលា។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ធ្វើអាការញញឹម ព្រះឱស្ឋឲ្យប្រាកដ ក្នុងប្រទេសមួយ។ លំដាប់នោះ ព្រះអានន្ទមានអាយុ បានត្រិះរិះដូច្នេះថា ហេតុអ្វីហ្ន៎ បច្ច័យអ្វីហ្ន៎ បណ្តាលឲ្យព្រះមានព្រះភាគ ទ្រង់ធ្វើអាការញញឹម ព្រះឱស្ឋឲ្យប្រាកដ ព្រះតថាគតទាំងឡាយ ទ្រង់មិនធ្វើអាការញញឹម ព្រះឱស្ឋឲ្យប្រាកដ ដោយការឥតហេតុអ្វីឡើយ។ ខណៈនោះ ព្រះអានន្ទមានអាយុ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលីទៅរកព្រះមានព្រះភាគ ហើយក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុអ្វីហ្ន៎ បច្ច័យអ្វីហ្ន៎ បណ្តាលឲ្យព្រះមានព្រះភាគ ទ្រង់ធ្វើអាការញញឹម ព្រះឱស្ឋឲ្យប្រាកដ ព្រះតថាគតទាំងឡាយ ទ្រង់មិនធ្វើអាការញញឹម ព្រះឱស្ឋឲ្យប្រាកដ ដោយការឥតហេតុឡើយ។
(១) ព្រៃស្វាយរបស់ព្រះរាជា ទ្រង់ព្រះនាមមឃទេវៈ។
ID: 636830253476587534
ទៅកាន់ទំព័រ៖