ព្រះត្រៃបិដក ភាគ ២៤
ក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវភាពជាធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលអានន្ទ ក៏ឯបុត្តនៃព្រះបាទមឃទេវរាជ នៅលេងល្បែងក្មេង កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ សោយរាជ្យជាឧបរាជ កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ សោយរាជ្យជាស្តេចធំ កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងមឃទេវម្ពវ័ននេះឯង កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ។ ព្រះរាជបុត្តនោះ ចំរើនព្រហ្មវិហារទាំង៤ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតក្នុងព្រហ្មលោក។
[២១៨] ម្នាលអានន្ទ ក៏ឯបុត្ត និងនត្តា របស់ព្រះបាទមឃទេវរាជនោះតៗ ព្រះវង្ស អស់ចំនួនប្រាំបីហ្មឺនបួនពាន់តំណ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងមឃទេវម្ពវ័ននេះឯង។ ឥសីទាំងអម្បាលនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ផ្សាយទៅកាន់ទិសទី២ ផ្សាយទៅកាន់ទិសទី៣
ID: 636830256154900725
ទៅកាន់ទំព័រ៖