ព្រះត្រៃបិដក ភាគ ២៤
មានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ គប្បីទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក ឬមិនទៅកើតទេ ឬក៏ព្រះអង្គ ទ្រង់យល់ឃើញ ដោយប្រការដូចម្តេច ក្នុងរឿងនុ៎ះ។ បពិត្រព្រះកច្ចានៈដ៏ចំរើន សូម្បីសុទ្ទៈ ជាអ្នកសម្លាប់សត្វ ជាអ្នកលួចទ្រព្យគេ។បេ។ ជាអ្នកមានសេចក្តីឃើញខុស លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ គប្បីទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក ខ្ញុំមានសេចក្តីនេះយល់ឃើញយ៉ាងនេះ ក្នុងរឿងនុ៎ះ មួយទៀត ពាក្យនុ៎ះ ខ្ញុំបានឮមកអំពីព្រះអរហន្តទាំងឡាយ យ៉ាងនេះឯង។
[២៣៣] បពិត្រមហារាជ ត្រូវហើយៗ បពិត្រមហារាជ រឿងនុ៎ះ ព្រះអង្គយល់ឃើញ យ៉ាងនេះ ជាការប្រពៃ មួយទៀត ពាក្យនុ៎ះ ព្រះអង្គបានឮអំពីព្រះអរហន្តទាំងឡាយ ក៏ជាការប្រពៃ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ វណ្ណៈទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា ឬមិនស្មើគ្នាទេ ឬក៏ព្រះអង្គ ទ្រង់មានព្រះយោបល់ដូចម្តេច ក្នុងវណ្ណៈទាំង៤នេះវិញ។ បពិត្រព្រះកច្ចានៈដ៏ចំរើន កាលបើហេតុយ៉ាងនេះមានប្រាកដហើយ វណ្ណៈទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា មិនមែនមិនស្មើគ្នាទេ ខ្ញុំមិនឃើញអំពើផ្សេងគ្នាបន្តិចបន្តួច ក្នុងវណ្ណៈទាំង៤នេះឡើយ។
ID: 636830263631018334
ទៅកាន់ទំព័រ៖