ព្រះត្រៃបិដក ភាគ ២៤

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​ ​របស់​ពោធិ​រាជកុមារ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​សញ្ជិ​កា​បុត្ត​មាណព​ ​ទទួល​ព្រះបន្ទូល​ពោធិ​រាជកុមារ​ថា​ ​ព្រះករុណា​វិសេស​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​នឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​២៤៨​]​ ​សញ្ជិ​កា​បុត្ត​មាណព​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពោធិ​រាជកុមារ​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​យុគល​ព្រះ​គោតម​ជា​ម្ចាស់​ ​ដោយ​ត្បូង​ ​ក្រាបទូល​សួរ​ការ​មិន​មាន​អាពាធ​ ​មិន​មាន​សេចក្តី​លំបាក​ ​ការ​ក្រោក​រហ័សរហួន​ ​កាយពល​ ​និង​ធម៌​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​មួយទៀត​ ​ពោធិ​រាជកុមារ​ ​ឲ្យ​ក្រាបទូល​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់​ពោធិ​រាជកុមារ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ឯង​ ​សញ្ជិ​កា​បុត្ត​មាណព​ ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​គាល់​ពោធិ​រាជកុមារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​ពោធិ​រាជកុមារ​ ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ក្រាបបង្គំទូល
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636830267819217886
ទៅកាន់ទំព័រ៖