ព្រះត្រៃបិដក ភាគ ២៤
ដ៏មានអាយុ ព្រោះហេតុនោះ យើងរាមៈ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យដឹងច្បាស់នូវធម៌ណា អ្នកក៏បានធ្វើឲ្យជាក់ច្បាស់នូវធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងដូច្នោះដែរ អ្នកបានធ្វើឲ្យជាក់ច្បាស់នូវធម៌ណា ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង យើងរាមៈ ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យដឹងច្បាស់នូវធម៌នោះដែរ ព្រោះហេតុនោះ យើងរាមៈ បានដឹងធម៌ណា អ្នកក៏ដឹងធម៌នោះដែរ អ្នកដឹងធម៌ណា យើងរាមៈ ក៏ដឹងធម៌នោះដែរ ព្រោះហេតុនោះ យើងរាមៈ យ៉ាងណា អ្នកក៏យ៉ាងនោះដែរ អ្នកយ៉ាងណា យើងរាមៈ ក៏យ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមកចុះ ចូរអ្នករក្សាគណៈនេះចុះ។ ម្នាលរាជកុមារ ព្រោះហេតុនោះ ឧទ្ទករាមបុត្រ កាលជាសព្រហ្មចារីរបស់តថាគត បានតាំងតថាគត ក្នុងតំណែងជាអាចារ្យ ហើយក៏បូជាតថាគត ដោយការបូជាដ៏លើសលុប។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌នេះ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនមែនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្តីចេះដឹង មិនមែនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង
ID: 636830271165239267
ទៅកាន់ទំព័រ៖