ព្រះត្រៃបិដក ភាគ ២៤
មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន គ្រាន់តែប្រព្រឹត្តទៅ ដើម្បីកើតក្នុងនេវសញ្ញានាសញ្ញាយតនភពប៉ុណ្ណោះ។ ម្នាលរាជកុមារ តថាគតនោះឯង មិនពេញចិត្តនឹងធម៌នោះ បានគេចចេញចាកធម៌នោះ ហើយចៀសចេញទៅ។
[២៥២] ម្នាលរាជកុមារ តថាគតនោះឯង កាលស្វែងរកកឹកុសលសន្តិវរបទដ៏ប្រសើរ ត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ ដោយលំដាប់ សំដៅទៅឯឧរុវេលាប្រទេសសេនានិគម។ ក្នុងទីនោះ តថាគត បានឃើញនូវភូមិភាគ គួរជាទីត្រេកអរផង នូវដងព្រៃដែលត្រជាក់ត្រជុំផង នូវស្ទឹងកំពុងហូរ មានទឹកដ៏ត្រជាក់ មានកំពង់រាបស្មើ គួរជាទីរីករាយផង ទាំងគោចរគ្រាម ក៏តាំងនៅដោយជុំវិញ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ភូមិភាគគួរជាទីត្រេកអរហ្ន៎ ដងព្រៃក៏ត្រជាក់ត្រជុំ ទាំងស្ទឹងដែលកំពុងហូរ មានទឹកត្រជាក់ មានកំពង់រាបស្មើ គួរជាទីរីករាយ ទាំងគោចរគ្រាម ក៏តាំងនៅដោយជុំវិញ ទីនេះហ្ន៎ ល្មមតាំងសេចក្តីព្យាយាម របស់កុលបុត្រ អ្នកមានប្រយោជន៍ ដោយសេចក្តីព្យាយាម។ ម្នាលរាជកុមារ តថាគតនោះ បានអង្គុយសំចតនៅក្នុងទីនោះ ដោយគិតថា ទីនេះល្មមតាំងសេចក្តីព្យាយាមបាន។
ID: 636830271459386091
ទៅកាន់ទំព័រ៖