ព្រះត្រៃបិដក ភាគ ២៤
ដែលគេដាក់លើគោក នៅឆ្ងាយពីទឹក។ កាលបុរសគិតថា យើងនឹងកាន់យកឈើពំនួតខាងលើ មកពួតឲ្យកើតភ្លើង នឹងធ្វើតេជោធាតុ ឲ្យកើតប្រាកដឡើង។ ម្នាលរាជកុមារ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ កាលកាន់យកឈើពំនួតខាងលើ មកពួតនឹងឈើស្រស់ ប្រកបដោយជ័រ ដែលគេដាក់លើគោក នៅឆ្ងាយពីទឹកឯណោះ នឹងពួតឲ្យកើតភ្លើង នឹងធ្វើតេជោធាតុ ឲ្យកើតបានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនកើតទេ រឿងនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះឈើឯណោះ នៅស្រស់ ប្រកបដោយជ័រពិតមែន តែគេដាក់លើគោក នៅឆ្ងាយពីទឹក ឯបុរសនោះ គ្រាន់តែបានភាគ នៃសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់ប៉ុណ្ណោះ។ ម្នាលរាជកុមារ សេចក្តីនេះ មានឧបមេយ្យដូចពួកសមណព្រាហ្មណ៍ណាមួយ ចៀសចេញ ចាកកាមទាំងឡាយ ដោយកាយហើយ តែសមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីពេញចិត្ត ព្រោះកាម សេចក្តីស្នេហាព្រោះកាម សេចក្តីជ្រប់ ព្រោះកាម សេចក្តីស្រេកឃ្លានព្រោះកាម និងសេចក្តីក្រហល់ក្រហាយព្រោះកាម ក្នុងវត្ថុកាមទាំងឡាយ ទាំងកាមនោះ សមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ដោយប្រពៃ ទាំងមិនបានធ្វើឲ្យស្ងប់រម្ងាប់ ដោយប្រពៃ។
ID: 636830272334276132
ទៅកាន់ទំព័រ៖