ព្រះត្រៃបិដក ភាគ ២៤
ទោះបីពួកសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ បានទទួលវេទនា ជាទុក្ខ ដ៏ក្លៀវក្លា ខ្លោចផ្សា ដែលកើតអំពីសេចក្តីព្យាយាម ពួកសមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីនឹងត្រាស់ដឹង នូវព្រះនិព្វាន ដ៏ប្រសើរបានឡើយ។ បើទុកជាពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនបានសោយវេទនាជាទុក្ខ ដ៏ក្លៀវក្លា ខ្លោចផ្សា ដែលកើតអំពីសេចក្តីព្យាយាមនោះទេ ពួកសមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីនឹងត្រាស់ដឹង នូវព្រះនិព្វាន ដ៏ប្រសើរបានឡើយ។ ម្នាលរាជកុមារ នេះឯងជាឧបមាទី២ មិនសូវជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានស្តាប់មកអំពីមុន ក៏កើតប្រាកដ ដល់តថាគត។
[២៥៥] ម្នាលរាជកុមារ មានឧបមាទី៣ ដទៃទៀត ដែលមិនសូវជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានស្តាប់មកអំពីមុន ក៏កើតប្រាកដ ដល់តថាគត។ ម្នាលរាជកុមារ ដូចឈើស្ងួត ជាឈើពុក ដែលគេដាក់លើគោក នៅឆ្ងាយពីទឹក។ កាលបុរសគិតថា យើងនឹងកាន់យកឈើពំនួតខាងលើ មកពួតឲ្យកើតភ្លើង នឹងធ្វើតេជោធាតុ ឲ្យកើតប្រាកដឡើង។ ម្នាលរាជកុមារ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច
ID: 636830272620232488
ទៅកាន់ទំព័រ៖