ព្រះត្រៃបិដក ភាគ ២៤
ម្នាលរាជកុមារ កាលតថាគត បានអត់ខ្យល់អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងតាមកណ្ណសោតហើយ វេទនាកើតក្នុងក្បាល ឰដ៏ក្បាលខ្លាំងលើសប្រមាណ។ ម្នាលរាជកុមារ ដូចបុរសមានកំឡាំង គប្បីចងត្របែង នូវចំណងក្បាលឰដ៏ក្បាល ដោយព្រ័តដ៏មាំ (យ៉ាងណា) ម្នាលរាជកុមារ កាលតថាគត បានអត់ខ្យល់អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងតាមកណ្ណសោតហើយ វេទនាកើតក្នុងក្បាល ឰដ៏ក្បាល ដ៏ខ្លាំងលើសប្រមាណ ក៏ដូច្នោះដែរ។ ម្នាលរាជកុមារ ប៉ុន្តែសេចក្តីព្យាយាម ដែលតថាគតបានប្រារព្ធហើយ ក៏មិនធូរថយ សតិដែលតថាគតបានតម្កល់មាំហើយ ក៏មិនរាយមាយ ប៉ុន្តែកាយរបស់តថាគត នៅតែក្រវល់ក្រវាយ មិនទាន់ស្ងប់រម្ងាប់ កើតព្រោះសេចក្តីព្យាយាម ដោយសេចក្តីព្យាយាម ដ៏មាំនោះឯង មកបណ្តាលចាក់ដោត។
[២៦០] ម្នាលរាជកុមារ តថាគតនោះឯង ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ សំឡឹងឈាន គឺមិនដកដង្ហើមជាអារម្មណ៍ទៀត។ ម្នាលរាជកុមារ តថាគតនោះឯង បានអត់ខ្យល់ អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងតាមកណ្ណសោត។
ID: 636830274384513399
ទៅកាន់ទំព័រ៖