ព្រះត្រៃបិដក ភាគ ២៤
ម្នាលរាជកុមារ កាលតថាគត បានអត់ខ្យល់អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងកណ្ណសោត ខ្យល់លើសប្រមាណ ក៏កាត់នូវដំបារផ្ទៃ។ ម្នាលរាជកុមារ ដូចជាបុរស ជាអ្នកសម្លាប់គោក្តី អ្នកជំនួយរបស់បុរសសម្លាប់គោក្តី ជាអ្នកប្រសប់វាងវៃ កាត់ដំបារផ្ទៃគោ ដោយកាំបិត សម្រាប់កាត់ពន្លះនូវសាច់គោដ៏មុត (យ៉ាងណា) ម្នាលរាជកុមារ កាលតថាគត បានអត់ខ្យល់អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងតាមកណ្ណសោត ខ្យល់ខ្លាំងលើសប្រមាណ ក៏កាត់នូវដំបារផ្ទៃ ក៏ដូច្នោះដែរ។ ម្នាលរាជកុមារ ប៉ុន្តែសេចក្តីព្យាយាម ដែលតថាគតបានប្រារព្ធហើយ មិនធូរថយ សតិដែលតថាគតបានតម្កល់មាំហើយ ក៏មិនបានរាយមាយ ប៉ុន្តែកាយរបស់តថាគត នៅតែក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ កើតព្រោះសេចក្តីព្យាយាម ដោយសេចក្តីព្យាយាម ដ៏លំបាកនោះឯង មកបណ្តាលចាក់ដោត។
[២៦១] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ សំឡឹងឈាន គឺមិនដកដង្ហើមជាអារម្មណ៍ទៀត។
ID: 636830274733153340
ទៅកាន់ទំព័រ៖