ព្រះត្រៃបិដក ភាគ ២៤
[៣] បពិត្រព្រះអង្គដ៏ចំរើន ចុះយើងខ្ញុំ កាលប្តេជ្ញាដូចម្តេច ទើបឈ្មោះថា ជាអ្នកពោលតាមពាក្យ របស់ព្រះមានព្រះភាគផង ជាអ្នកមិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ជាអ្នកពោលប្តេជ្ញា នូវហេតុតាមហេតុផង មួយទៀត វាទានុវាទណានីមួយ ដែលប្រកបដោយហេតុ នឹងមិនមកកាន់ឋានៈ ដែលអ្នកប្រាជ្ញគប្បីតិះដៀលបាន។ ម្នាលវច្ឆៈ បុគ្គលកាលពោលប្តេជ្ញាថា ព្រះសមណគោតម ទ្រង់បាននូវវិជ្ជា៣ ដូច្នេះ ឈ្មោះថា ជាអ្នកពោលតាមពាក្យ របស់តថាគតផង មិនឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ឈ្មោះថា ជាអ្នកពោលប្តេជ្ញា នូវហេតុតាមហេតុផង មួយទៀត វាទានុវាទណានីមួយ ដែលប្រកបដោយហេតុ ក៏មិនមកកាន់ឋានៈ ដែលអ្នកប្រាជ្ញ គប្បីតិះដៀលបាន។ ម្នាលវច្ឆៈ បើតថាគត ចង់រលឹក (ទៅរកជាតិ) ត្រឹមណា តថាគត ក៏រលឹកបាន នូវបុព្វេនិវាស ជាច្រើនត្រឹមណោះ ការរលឹកបាននោះ ដូចម្តេច គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ តថាគត រលឹកបាននូវ បុព្វេនិវាស ជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលវច្ឆៈ បើតថាគត ចង់ (ឃើញពួកសត្វ) ត្រឹមណា ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុ ជារបស់មនុស្សធម្មតា តថាគត ឃើញច្បាស់ នូវសត្វទាំងឡាយ
ID: 636830145741473507
ទៅកាន់ទំព័រ៖