ព្រះត្រៃបិដក ភាគ ២៤

អ្នកមាន​សទ្ធា​ ​សិល្បសាស្ត្រ​ទាំងប៉ុន្មាន​ ​ដែលគេ​គប្បី​បាន​ដោយ​សទ្ធា​ ​សិល្បសាស្ត្រ​នោះ​ ​ក៏​គប្បី​សម្រេច​បាន​។​ ​មួយ​យ៉ាង​ទៀត​ ​បុរស​នោះ​ ​ជា​អ្នកមាន​អាពាធ​តិច​ ​សិល្បសាស្ត្រ​ទាំងប៉ុន្មាន​ ​ដែលគេ​គប្បី​បាន​ដោយ​អាពាធ​តិច​ ​សិល្បសាស្ត្រ​នោះ​ ​ក៏​គប្បី​សម្រេច​បាន​។​ ​មួយ​យ៉ាង​ទៀត​ ​បុរស​នោះ​ ​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​សិល្បសាស្ត្រ​ទាំងប៉ុន្មាន​ ​ដែលគេ​គប្បី​បាន​ដោយ​ការ​មិន​អួតអាង​ ​មិន​មាន​មាយា​ ​សិល្បសាស្ត្រ​នោះ​ ​ក៏​គប្បី​សម្រេច​បាន​។​ ​មួយ​យ៉ាង​ទៀត​ ​បុរស​នោះ​ ​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ប្រារព្ធ​ហើយ​ ​សិល្បសាស្ត្រ​ទាំងប៉ុន្មាន​ ​ដែលគេ​គប្បី​បាន​ដោយមាន​សេចក្តី​ព្យាយាម​ប្រារព្ធ​ហើយ​ ​សិល្បសាស្ត្រ​នោះ​ ​ក៏​គប្បី​សម្រេច​បាន​។​ ​មួយ​យ៉ាង​វិញទៀត​ ​បុរស​នោះ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​សិល្បសាស្ត្រ​ទាំងប៉ុន្មាន​ ​ដែលគេ​គប្បី​បាន​ ​ដោយមាន​ប្រាជ្ញា​ ​សិល្បសាស្ត្រ​នោះ​ ​ក៏​គប្បី​សម្រេច​បាន​។​ ​ម្នាល​រាជកុមារ​ ​ទ្រង់​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​នោះ​ ​គប្បី​សិក្សា​សិល្បសាស្ត្រ​ឡើងជិះ​ដំរី​ ​និង​ចាប់កាន់​កង្វេរ​ ​ក្នុង​សំណាក់​របស់​ទ្រង់​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​នោះ​ ​ដែល​ប្រកបដោយ​អង្គ​សូម្បី​តែ​មួយ​ៗ​ ​ក៏​គប្បី​សិក្សា​សិល្បសាស្ត្រ​ឡើងជិះ​ដំរី​ ​និង​ចាប់កាន់​កង្វេរ​ ​ក្នុង​សំណាក់​របស់ខ្ញុំ​ព្រះអង្គ​បាន​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​បុគ្គល​ប្រកបដោយ​អង្គ៥នោះ​។​
ថយ | ទំព័រទី ៤១០ | បន្ទាប់
ID: 636830284559655384
ទៅកាន់ទំព័រ៖