ព្រះត្រៃបិដក ភាគ ២៤
[២៨៦] គ្រានោះ អង្គុលិមាលចោរ គិតថា ពួកសមណៈនេះ ជាសក្យបុត្រ ធ្លាប់និយាយតែពាក្យពិត ប្តេជ្ញាតែពាក្យពិត ចំឡែកតែសមណៈនេះ កំពុងដើរទេ ម្តេចឡើយក៏និយាយថា នែអង្គុលិមាល តថាគតឈប់ហើយ អ្នកចូរឈប់ដែរទៅ បើដូច្នោះ អញត្រូវសួរសមណៈនេះមើល។ លំដាប់នោះ អង្គុលិមាលចោរ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
នែសមណៈ លោកកំពុងដើរសោះទេ ត្រឡប់និយាយថា តថាគតឈប់ហើយ ថែមទាំងថាឲ្យខ្ញុំ ដែលឈប់ហើយថា អ្នកឯងទេ មិនទាន់ឈប់ដូច្នេះវិញ នែសមណៈ ខ្ញុំសូមសួរដំណើរនុ៎ះនឹងលោក លោកដែលឈប់ហើយ តើដូចម្តេច ខ្ញុំដែលមិនទាន់ឈប់ តើដូចម្តេច។ ព្រះអង្គតបថា នែអង្គុលិមាល តថាគត បានឈ្មោះថា ឈប់ហើយ (នោះ) ព្រោះដាក់ចុះ នូវគ្រឿងវាយដំ ចំពោះពួកសត្វទាំង(១) អស់ សព្វៗកាល ឯអ្នកឯង ជាអ្នកមិនសង្រួម ក្នុងពួកសត្វ
(១) ក្នុងអដ្ឋកថា លោកពន្យល់ថា ព្រះអង្គទ្រង់ទំលាក់នូវគ្រឿងវាយដំសត្វចោលចេញហើយ ប្រព្រឹត្តក្នុងធម៌៥យ៉ាងគឺ មេត្តា១ ខន្តី១ បដិសង្ខា (ការពិចារណា)១ អវិហឹសា១ សារាណីយធម៌១ បានជាព្រះអង្គប្រាប់អង្គុលិមាលថា តថាគតឈប់ហើយ គឺឈប់ធ្វើអំពើអាក្រក់។
ID: 636830289822736415
ទៅកាន់ទំព័រ៖