ព្រះត្រៃបិដក ភាគ ២៤

 [​២៨៧​]​ ​ដំណាល​ថា​ ​ព្រះភគវន្តមុនី​ ​ព្រះអង្គ​គង់នៅ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គាប់​ចួន​សម័យ​នោះ​ ​ពួក​មហាជន​ ​កំពុងតែ​ប្រជុំ​គ្នា​ ​ទៀប​ទ្វារ​ខាងក្នុង​បុរី​ ​របស់​ព្រះបាទ​បសេនទិកោសល​ ​ស្រែក​ហ៊ោ​គឹកកង​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ក្នុង​ដែន​របស់​ព្រះអង្គ​ ​មាន​ចោរ​ឈ្មោះ​អង្គុលិមាល​ ​ជា​មនុស្ស​កាច​ ​មានដៃ​ប្រឡាក់ឈាម​ ​ស្និទ្ធ​ក្នុង​ការបៀតបៀន​ ​និង​ការ​សម្លាប់​ ​ឥតមាន​សេចក្តី​អាណិតអាសូរ​ពួក​សត្វ​មានជីវិត​ឡើយ​ ​វា​តែង​ធ្វើ​ស្រុក​ ​ឲ្យ​ទៅជា​មិនមែន​ស្រុក​ក៏​មាន​ ​ធ្វើ​និគម​ឲ្យ​ទៅជា​មិនមែន​និគម​ក៏​មាន​ ​ធ្វើ​ជនបទ​ ​ឲ្យ​ទៅជា​មិនមែន​ជនបទ​ក៏​មាន​ ​វា​តែង​សម្លាប់​ពួក​មនុស្ស​ ​ហើយ​កាត់​យក​ម្រាមដៃ​ ​មក​ធ្វើជា​កម្រង​ពាក់​ ​សូម​ព្រះ​សម្មតិទេព​ ​កំចាត់​អង្គុលិមាល​ចោរ​នោះ​ចេញ​។​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​ចេញ​អំពី​ក្រុង​សាវត្ថី​ ​ដោយ​អស្សយាន​ចំនួន៥០០​ ​ស្តេច​ចូល​ទៅកាន់​អារាម​ ​ក្នុង​វេលា​ទាំង​ថ្ងៃ​ ​បរ​យាន​ទៅ​ទល់​ត្រឹម​ទី​ដែល​ឈប់​យាន​ ​ហើយ​ស្តេច​ចុះ​អំពី​យាន​ ​ស្តេច​ទៅ​តែ​ព្រះ​បាទា​ទទេ​ ​ចូល​សំដៅ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​។
ថយ | ទំព័រទី ៤២៥ | បន្ទាប់
ID: 636830290478793939
ទៅកាន់ទំព័រ៖