ព្រះត្រៃបិដក ភាគ ២៤
ដូច្នេះថា បពិត្រមហារាជ សូមមហាបពិត្រ កុំភ័យឡើយ បពិត្រមហារាជ សូមមហាបពិត្រ កុំភ័យឡើយ ភ័យអំពីសំណាក់អង្គុលិមាលនេះ មិនមានដល់មហាបពិត្រទេ។ លំដាប់នោះ ភ័យណាក្តី សេចក្តីតក់ស្លុតណាក្តី សេចក្តីព្រឺរោម ព្រឺស្បែកណាក្តី បានកើតមានដល់ព្រះបាទបសេនទិកោសល ភ័យជាដើមនោះ ក៏ស្ងប់រម្ងាប់បាត់ទៅ ក្នុងលំដាប់នោះឯង។ គ្រានោះ ព្រះបាទបសេនទិកោសល ក៏ចូលទៅជិតអង្គុលិមាលភិក្ខុមានអាយុ លុះចូលទៅដល់ហើយ ក៏មានព្រះឱង្ការ សួរអង្គុលិមាលភិក្ខុមានអាយុ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន លោកម្ចាស់ឈ្មោះអង្គុលិមាលឬ។ អង្គុលិមាលមានអាយុ តបថា ថ្វាយព្រះពរមហារាជ។ ព្រះបាទបសេនទិកោសល មានព្រះបន្ទូលសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ចុះបិតាលោកម្ចាស់គោត្រអ្វី មាតាលោកម្ចាស់គោត្រអ្វី។ អង្គុលិមាលមានអាយុ តបថា ថ្វាយព្រះពរមហារាជ បិតា (អាត្មាភាព) ជាគគ្គគោត្រ មាតា (អាត្មាភាព) ជាមន្តានីគោត្រ។ ព្រះបាទបសេនទិកោសល មានព្រះរាជឱង្ការបវារណាថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់គគ្គគោត្រ មន្តានីបុត្រ អភិរម្យចុះ ខ្ញុំព្រះករុណា
ID: 636830291370814960
ទៅកាន់ទំព័រ៖