ព្រះត្រៃបិដក ភាគ ២៤
ថា ជាតិកំណើតរបស់អញ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ក្រៅពីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ អង្គុលិមាលមានអាយុ រាប់ថាជាព្រះអរហន្តមួយរូបដែរ។
[២៩៤] លំដាប់នោះ អង្គុលិមាលមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅ ដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ សម័យនោះឯង មនុស្សដទៃ យកដុំដីគ្រវែងចោល ធ្លាក់ទៅលើកាយអង្គុលិមាល មានអាយុក៏មាន មនុស្សដទៃយកដម្បងគ្រវែងចោល ធ្លាក់ទៅលើកាយអង្គុលិមាលមានអាយុក៏មាន មនុស្សដទៃ យកក្រួសផ្ទាត់ធ្លាក់ទៅលើកាយអង្គុលិមាលមានអាយុក៏មាន។ គ្រានោះ អង្គុលិមាលមានអាយុ (មានរបួស) បែកសីសៈ ហូរឈាម បែកបាត្រ រហែកសង្ឃាដិ ក៏ដើរចូលទៅគាល់ព្រះមានបុណ្យ។ ព្រះមានបុណ្យ បានទតឃើញអង្គុលិមាលមានអាយុ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ត្រាស់ទូន្មានអង្គុលិមាលមានអាយុ ដូច្នេះថា
ID: 636830293246062218
ទៅកាន់ទំព័រ៖