ព្រះត្រៃបិដក ភាគ ២៤
[២៩៨] សម័យនោះ មានពួកអ្នកលេងល្បែងភ្នាល់ច្រើននាក់ កំពុងលេងដោយល្បែងភ្នាល់ទាំងឡាយ ក្នុងទីមិនឆ្ងាយប៉ុន្មាន អំពីព្រះមានបុណ្យ។ ចំណែកគហបតីនោះ ក៏ចូលទៅរកពួកអ្នកលេងល្បែងភ្នាល់នោះ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹងអ្នកលេងល្បែងភ្នាល់នោះ ដូច្នេះថា នែអ្នកដ៏ចំរើនទាំងឡាយ អម្បាញ់មិញនេះ ខ្ញុំបានចូលទៅគាល់ព្រះសមណគោតម លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសមណគោតម រួចអង្គុយក្នុងទីដ៏សមគួរ នែអ្នកដ៏ចំរើនទាំងឡាយ លុះខ្ញុំអង្គុយក្នុងទីដ៏សមគួរហើយ ព្រះសមណគោតម ទ្រង់ត្រាស់ ដូច្នេះថា ម្នាលគហបតី អ្នកឋិតនៅក្នុងចិត្តរបស់ខ្លួន គឺរស់នៅទេ តែហាក់ដូចជា មិនមានឥន្ទ្រិយ (ព្រោះ) ឥន្ទ្រិយរបស់អ្នក ប្រែសម្បុរប្លែក ដូច្នេះ នែអ្នកដ៏ចំរើនទាំងឡាយ កាលព្រះសមណគោតម ត្រាស់យ៉ាងនេះ ខ្ញុំក៏បានតប ទៅនឹងព្រះសមណគោតមវិញថា ឱព្រះអង្គដ៏ចំរើន ឥន្ទ្រិយរបស់ខ្ញុំព្រះអង្គ នឹងមិនប្រែពណ៌សម្បុរប្លែកណាក៏បាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះខ្ញុំព្រះអង្គ មានកូនប្រុសតូចតែមួយ ជាទីស្រឡាញ់ ពេញចិត្ត បានធ្វើមរណកាលទៅ ព្រោះតែវា ធ្វើកាលកិរិយាទៅ ការងារ ក៏មិនប្រាកដ
ID: 636830296859958921
ទៅកាន់ទំព័រ៖