ព្រះត្រៃបិដក ភាគ ២៤
[៣០២] ម្នាលព្រាហ្មណ៍ រឿងធ្លាប់មានមកហើយតើ មានមាតាបុរសម្នាក់ ក្នុងក្រុងសាវត្ថីនោះឯង បានធ្វើមរណកាលទៅ។ តាំងអំពីមរណកាល នៃមាតានោះ បុរសនោះ ក៏ទៅជាឆ្កួត មានចិត្តរវើរវាយ ដើរសព្វច្រករហក សព្វផ្លូវត្រឡែងកែង ស្រែកសួរយ៉ាងនេះថា ឱអ្នកទាំងឡាយ បានឃើញម្តាយខ្ញុំដែរឬ ឱអ្នកទាំងឡាយ បានឃើញម្តាយខ្ញុំដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។ ម្នាលព្រាហ្មណ៍ រឿងធ្លាប់មានមកហើយ មានបិតាបុរសម្នាក់ ក្នុងក្រុងសាវត្ថីនេះឯង បានធ្វើមរណកាល... បងប្អូនប្រុស បានធ្វើមរណកាល... បងប្អូនស្រី បានធ្វើមរណកាល... កូនប្រុស បានធ្វើមរណកាល... កូនស្រីបានធ្វើមរណកាល... ប្រពន្ធបានធ្វើមរណកាលទៅ។ តាំងអំពីមរណកាល នៃភរិយានោះ បុរសនោះ ក៏ទៅជាឆ្កួត មានចិត្តរវើរវាយ ដើរសព្វច្រករហក សព្វផ្លូវត្រឡែងកែង ស្រែកសួរយ៉ាងនេះថា ឱអ្នកទាំងឡាយ បានឃើញប្រពន្ធខ្ញុំដែរឬ ឱអ្នកទាំងឡាយ បានឃើញប្រពន្ធខ្ញុំដែរឬ។
ID: 636830298820611064
ទៅកាន់ទំព័រ៖