ព្រះត្រៃបិដក ភាគ ២៤
ដ៏ចំរើន បើព្រះអានន្ទមានអាយុ មិនមានកិច្ចណាមួយ ដែលត្រូវធ្វើដោយប្រញាប់ទេ បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទមានអាយុ អនុគ្រោះរង់ចាំមួយរំពេចសិន។ ព្រះអានន្ទមានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព។
[៣១២] គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជដំណើរទៅដរាប ដល់អស់ទី ដែលដំរីគួរទៅបាន ហើយចុះអំពីព្រះទីនាំងនាគេន្ទ្រ យាងទៅដោយព្រះបាទា ចូលទៅត្រង់ទី ដែលព្រះអានន្ទមានអាយុ គង់នៅ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទមានអាយុ ដោយគោរព ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទ្រង់ត្រាស់ពាក្យនេះ ទៅរកព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចំរើន បើព្រះអានន្ទមានអាយុ មិនមានកិច្ចណាមួយ ដែលគួរធ្វើដោយប្រញាប់ទេ បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទមានអាយុ អនុគ្រោះ និមន្តទៅគង់ឆ្នេរស្ទឹងអចិរវតី។ ព្រះអានន្ទមានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ ព្រះអានន្ទមានអាយុ និមន្តចូលទៅឯឆ្នេរស្ទឹងអចិរវតី លុះចូលទៅដល់ហើយ ទៅគង់លើអាសនៈ ដែលគេក្រាលបម្រុងទុក ក្រោមម្លប់ឈើមួយដើម។
ID: 636830301982271901
ទៅកាន់ទំព័រ៖