ព្រះត្រៃបិដក ភាគ ២៤
មនោសមាចារណា ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរផង អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ រមែងចំរើនឡើង កុសលធម៌ទាំងឡាយ រមែងសាបសូន្យទៅ បពិត្រមហារាជ មនោសមាចារ មានសភាពដូច្នេះឯង ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន។
[៣១៥] ព្រះរាជាត្រាស់ថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះមានព្រះភាគអង្គនោះ គ្រាន់តែពោលសរសើរនូវការលះបង់នូវអកុសលធម៌ទាំងឡាយ ទាំងអស់ តែម្យ៉ាងឬ។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ ព្រះតថាគត ទ្រង់លះបង់នូវអកុសលធម៌ទាំងឡាយទាំងអស់ហើយ ទ្រង់ប្រកបដោយកុសលធម៌តែម្យ៉ាង។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយសមាចារ ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសមិនបាន តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ ជាកុសល។ បពិត្រលោកដ៏ចំរើន ចុះកាយសមាចារ ជាកុសល តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ មិនមានទោស។
ID: 636830310946534627
ទៅកាន់ទំព័រ៖