ព្រះត្រៃបិដក ភាគ ២៤
ធម្មចេតិយសូត្រ ទី៩
[៣២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមេទឡុបនិគម
(១) របស់ពួកសក្យៈ ក្នុងសក្កជនបទ។ សម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់បានមកដល់នគរតូច ដោយកិច្ចនីមួយ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់បង្គាប់អាមាត្យឈ្មោះ ទីឃការាយនៈ ថា ម្នាលការាយនៈសំឡាញ់ អ្នកឯងចូរទឹមយានល្អៗ យើងនឹងទៅកាន់ទីឱទ្យាន ដើម្បីមើលទីដែលល្អ។ ទីឃការាយនាមាត្យ ទទួលព្រះរាជឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយប្រើបុរសឲ្យទឹមយានល្អៗស្រេចហើយ ត្រឡប់មកក្រាបបង្គំទូលព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព យានល្អៗ បានទឹមរួចស្រេចហើយ សូមព្រះអង្គ សំគាល់កាលដ៏សមគួរ ក្នុងកាលឥឡូវនេះ។
(១) អដ្ឋកថា ពន្យល់ថា បានជាឈ្មោះថា មេទឡុបៈដូច្នេះ ព្រោះនិគមនោះ មានកើតថ្មសម្បុរខាន់ៗ ដូចខ្លាញ់ខាប់។
ID: 636830313414205770
ទៅកាន់ទំព័រ៖