ព្រះត្រៃបិដក ភាគ ២៤
ទាំងឡាយនេះ នាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេងតិចៗ ឥតមានសំឡេងគឹកកង ប្រាសចាកខ្យល់បក់មក អំពីសរីរៈនៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ ដូចជាទីដែលយើងធ្លាប់ចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធដែរ ម្នាលការាយនៈសំឡាញ់ ចុះឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ព្រះអង្គគង់ក្នុងទីណា។ ទីឃការាយនាមាត្យ ក្រាបបង្គំទូលតបថា បពិត្រមហារាជ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ គង់នៅក្នុងមេទឡុបនិគមរបស់ពួកសក្យៈ។ ព្រះរាជាត្រាស់ថា ម្នាលការាយនៈសំឡាញ់ ចុះមេទឡុបនិគមរបស់ពួកសក្យៈ ទៅអំពីនគរតូចនេះទៅ តើចម្ងាយប៉ុន្មាន។ ទីឃការាយនាមាត្យក្រាបបង្គំទូលតបថា បពិត្រមហារាជ មិនជាឆ្ងាយណាស់ណាទេ ប្រហែលជា៣យោជន៍ប៉ុណ្ណោះ ព្រះអង្គអាចស្តេចទៅដល់ មិនពេញមួយថ្ងៃទេ។ ព្រះរាជាត្រាស់ថា ម្នាលការាយនៈសំឡាញ់ បើដូច្នោះ អ្នកឯងចូរទឹមយានល្អៗ យើងនឹងទៅដើម្បីគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ ទីឃការាយនាមាត្យ ទទួលយកព្រះរាជឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស រួចប្រើគេឲ្យទឹមយានល្អៗស្រេចហើយ ក្រាបបង្គំទូលព្រះបាទបសេនទិកោសលថា
ID: 636830313955966757
ទៅកាន់ទំព័រ៖