ព្រះត្រៃបិដក ភាគ ២៤
សូមព្រះអង្គ ធ្វើព្រះសូរសេងតិចៗ ស្តេចចូលទៅសន្សឹមៗ លុះចូលទៅដល់របៀង ធ្វើព្រះឧភាសិត (គ្រហែម) រួចគោះសន្ទះទ្វារ ព្រះមានព្រះភាគ នឹងបើកទ្វារថ្វាយព្រះអង្គ។ ទើបព្រះបាទបសេនទិកោសល ទ្រង់ហុចព្រះខាន់ និងមកុដ ឲ្យទៅទីឃការាយនាមាត្យ ក្នុងទីនោះឯង។ លំដាប់នោះ ទីឃការាយនាមាត្យ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ មហារាជទ្រង់ស្តេចចូលទៅតែមួយព្រះអង្គឯងទេ ឥឡូវនេះ គួរអាត្មាអញ នៅចាំក្នុងទីនេះចុះ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅត្រង់វិហារ ដែលមានទ្វារបិទនោះ ធ្វើព្រះសូរសេង
(១)តិចៗ ស្តេចចូលទៅសន្សឹមៗ លុះចូលទៅដល់របៀងហើយ ក៏ទ្រង់ធ្វើព្រះឧភាសិតហើយគោះសន្ទះទ្វារ។ ព្រះមានព្រះភាគ ក៏ទ្រង់បើកទ្វារ។ ទើបព្រះបាទបសេនទិកោសល ចូលទៅកាន់វិហារហើយ ក្រាបចុះទៀបព្រះបាទយុគល នៃព្រះមានព្រះភាគ ដោយសិរ្សៈផង ទ្រង់ព្រះចុម្ពិត (ជញ្ជក់) ព្រះបាទយុគលនៃព្រះមានព្រះភាគ ដោយព្រះឱស្ឋផង ច្របាច់ដោយព្រះហស្តទាំងឡាយផង ប្រកាសនាមផងថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាស្តេចឈ្មោះបសេនទិកោសល បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាស្តេចឈ្មោះបសេនទិកោសល។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ ចុះមហាបពិត្រ
(១) គឺសូរសំឡេង សៀមយកទៅប្រើក្លាយជា សូរសៀង។
ID: 636830315108522679
ទៅកាន់ទំព័រ៖