ព្រះត្រៃបិដក ភាគ ២៤
បានប្រព្រឹត្តព្រហ្មចរិយធម៌ មានជីវិតជាទីបំផុត ឲ្យបរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណារកមើលមិនឃើញមានបុគ្គលដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ ប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធយ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះហើយដែលនាំឲ្យខ្ញុំព្រះអង្គ បានយល់ធម៌ ក្នុងសំណាក់ព្រះមានព្រះភាគថា ព្រះមានព្រះភាគត្រាស់ដឹង ដោយប្រពៃ ព្រះធម៌ គឺព្រះមានព្រះភាគ ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃ ជាសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ។
[៣២៤] បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ច្រើនមានតែពួកព្រះរាជា ទាស់ទែងគ្នា នឹងពួកព្រះរាជាក៏មាន ពួកក្សត្រទាស់ទែងគ្នានឹងពួកក្សត្រក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងគ្នានឹងពួកព្រាហ្មណ៍ក៏មាន ពួកគហបតី ទាស់ទែងគ្នា នឹងពួកគហបតីក៏មាន មាតាទាស់ទែងនឹងបុត្រក៏មាន បុត្រទាស់ទែងនឹងមាតាក៏មាន បិតាទាស់ទែងនឹងបុត្រក៏មាន បុត្រទាស់ទែងនឹងបិតាក៏មាន បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីក៏មាន បងប្អូនស្រីទាស់ទែងនឹងបងប្អូនប្រុសក៏មាន សំឡាញ់ទាស់ទែងនឹងសំឡាញ់ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញតែពួកភិក្ខុក្នុងសាសនានេះហើយ ដែលមានសេចក្តីព្រមព្រៀង ស្រស់ស្រាយ
ID: 636830315734018456
ទៅកាន់ទំព័រ៖