ព្រះត្រៃបិដក ភាគ ២៤
មិនទាស់ទែងគ្នា ដូចជាទឹកដែលលាយដោយទឹកដោះស្រស់ សំឡឹងមៀងមើលគ្នា នឹងគ្នាដោយចក្ខុជាទីស្រឡាញ់។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណារកមើល មិនឃើញមានបរិស័ទឯទៀត ខាងក្រៅព្រះពុទ្ធសាសនានេះ ឲ្យមានសេចក្តីព្រមព្រៀងគ្នា យ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះហើយដែលនាំឲ្យខ្ញុំព្រះអង្គ មានសេចក្តីយល់ធម៌ ក្នុងសំណាក់ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹង ដោយប្រពៃ ព្រះធម៌គឺព្រះមានព្រះភាគ ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃ ជាសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ។
[៣២៥] បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ខ្ញុំព្រះអង្គដើរក្រឡឹងមើលអំពីសួនច្បារ១ ទៅសួនច្បារ១ អំពីឱទ្យាន១ ទៅឱទ្យាន១ ឃើញសមណព្រាហ្មណ៍ពួកមួយក្នុងទីនោះ ស្គាំងស្គម សៅហ្មង អាប់សម្បុរ កើតរោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ មិនទំនងឲ្យពួកជនរមិលមើលជាប់ភ្នែកបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកមានអាយុទាំងនេះ ទំនងជាប្រព្រឹត្តព្រហ្មចរិយធម៌ទាំងមិនត្រេកអរ ពុំនោះសោត លោកមានអាយុទាំងនោះ ធ្វើបាបកម្មណាមួយ ដ៏កំបាំង បានជាលោកមានអាយុទាំងនេះ
ID: 636830316012854404
ទៅកាន់ទំព័រ៖