ព្រះត្រៃបិដក ភាគ ២៤
ឃើញតែពួកភិក្ខុក្នុងសាសនានេះ បើព្រះមានព្រះភាគ កំពុងសំដែងធម៌ ដល់បរិស័ទច្រើនរយ ក្នុងសម័យណា សម័យនោះ ពួកសាវ័ក របស់ព្រះមានព្រះភាគ ក៏ឥតមានសំឡេងកណ្តាស់ ឬសំឡេងក្អកគ្រហែមឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុធ្លាប់មានពីមុនមក បើព្រះមានព្រះភាគ កំពុងសំដែងធម៌ ដល់បរិស័ទច្រើនរយ ហើយមានសាវ័ក របស់ព្រះមានព្រះភាគណាមួយ ក្អកឡើងក្នុងទីនោះ។ នឹងមានសព្រហ្មចារីបុគ្គលណាមួយ គោះនូវសាវ័កនោះ ដោយជង្គង់ថា លោកមានអាយុ ចូរធ្វើសំឡេងតិច លោកមានអាយុ កុំធ្វើសំឡេងខ្លាំងឡើយ ដ្បិតព្រះមានព្រះភាគ ជាគ្រូយើង កំពុងសំដែងធម៌។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើអស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ បរិស័ទ ដែលព្រះអង្គទូន្មានបានងាយ យ៉ាងនេះដោយមិនបាច់អាងអាជ្ញា មិនបាច់អាងគ្រឿងសស្ត្រាឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាមើល មិនឃើញបរិស័ទដទៃក្រៅពីព្រះពុទ្ធសាសនា ឲ្យទូន្មានបានដោយងាយយ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង (ដែលនាំឲ្យ) ខ្ញុំព្រះអង្គ បានយល់ធម៌ ក្នុងសំណាក់ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ត្រាស់ដឹងដោយប្រពៃមែន
ID: 636830316763267325
ទៅកាន់ទំព័រ៖