ព្រះត្រៃបិដក ភាគ ២៤
សូមព្រះអង្គ សំគាល់នូវកាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ ទើបព្រះបាទបសេនទិកោសល ក្រោកអំពីអាសនៈ ហើយថ្វាយបង្គំលាព្រះមានព្រះភាគ ដោយគោរព ធ្វើប្រទក្សិណ ហើយស្តេចចេញទៅ។
[៣៣១] កាលព្រះបាទបសេនទិកោសល ស្តេចចេញទៅមិនទាន់បានយូរប៉ុន្មាន ទើបព្រះមានព្រះភាគ ត្រាស់ទៅនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទបសេនទិកោសលនេះ ទ្រង់សំដែងនូវពាក្យ ដែលធ្វើការគោរព ក្នុងធម៌ទាំងឡាយ ហើយក្រោកអំពីអាសនៈ ស្តេចចេញទៅ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀននូវពាក្យ ដែលធ្វើនូវសេចក្តីគោរព ក្នុងធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរទន្ទេញពាក្យ ដែលធ្វើការគោរពក្នុងធម៌ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរចងចាំទុកពាក្យ ដែលធ្វើការគោរពក្នុងធម៌ ម្នាលភិក្ខុទាំងឡាយ ព្រោះពាក្យដែលធ្វើការគោរពក្នុងធម៌ ដ៏ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយកៈ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ធម្មចេតិយសូត្រ ទី៩។
ID: 636830318814014621
ទៅកាន់ទំព័រ៖