ព្រះត្រៃបិដក ភាគ ២៤
ប្តេជ្ញានូវញាណទស្សនៈ ដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ជនទាំងឡាយនេះ ពោលតាមពាក្យ ដែលតថាគតពោលហើយ ទាំងមិនឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនទៀង មិនពិតទេ។
[៣៣៦] លំដាប់នោះ ព្រះបាទបសេនទិកោសល ត្រាស់ហៅសេនាបតី ឈ្មោះវិឌូឌភៈមក ហើយសួរថា ម្នាលសេនាបតី នរណាហ្ន៎ នឹងអាចពោលកថាវត្ថុនេះ ក្នុងខាងក្នុង នៃព្រះបរមរាជវាំងបាន។ វិឌូឌភៈសេនាបតី ក្រាបបង្គំទូលថា បពិត្រមហារាជ មានតែសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ។ ទើបព្រះបាទបសេនទិកោសល ត្រាស់ហៅបុរសម្នាក់មក ហើយប្រាប់ថា ម្នាលបុរសអើយ អ្នកឯងចូរមកអាយ អ្នកចូរទៅហៅសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ តាមពាក្យរបស់យើងថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល ទ្រង់មានព្រះឱង្ការឲ្យហៅលោក។ បុរសនោះ ទទួលព្រះឱង្ការរបស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅរកសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ ទៅរកសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល ទ្រង់មានព្រះរាជឱង្ការឲ្យហៅលោក។
ID: 636830320532242898
ទៅកាន់ទំព័រ៖