ព្រះត្រៃបិដក ភាគ ២៤
លំដាប់នោះ ព្រះបាទបសេនទិកោសល បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានពោលពាក្យឯទៀត ព្រោះសំដៅហេតុណាមួយ អ្នកផងចូលចិត្តពាក្យនោះ ដោយប្រការដទៃដែរឬ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះមានព្រះភាគ ជ្រាបនូវពាក្យ តាមសមគួរហើយ ទើបពោលវាចាឬ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ តថាគត ដឹងយ៉ាងនេះហើយ ទើបពោលវាចាថា គ្មានសមណព្រាហ្មណ៍ណា ដែលដឹងនូវហេតុទាំងពួង ឃើញនូវហេតុទាំងពួងតែម្តង សេចក្តីនេះ មិនសមហេតុឡើយ។ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ សំដែងពាក្យសមហេតុ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ សំដែងពាក្យ ដែលប្រព្រឹត្តទៅ មួយអន្លើដោយហេតុថា គ្មានសមណៈ ឬព្រាហ្មណ៍ណា ដែលដឹងនូវហេតុទាំងពួង ឃើញនូវហេតុទាំងពួងតែម្តង រឿងដូច្នេះនេះ មិនសមហេតុឡើយ បពិត្រព្រះអង្គដ៏ចំរើន វណ្ណៈមាន៤គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រព្រះអង្គដ៏ចំរើន ត្រកូលទាំង៤នេះ មានសេចក្តីវិសេស ទាំងមានសេចក្តីផ្សេងគ្នាដែរឬទេ។
ID: 636830320822779516
ទៅកាន់ទំព័រ៖