ព្រះត្រៃបិដក ភាគ ២៤
បើប្រកបដោយអង្គ នៃសេចក្តីព្យាយាម៥នេះ វណ្ណទាំងនោះ ឈ្មោះថា មានសេចក្តីព្យាយាមដោយពិត បពិត្រព្រះអង្គដ៏ចំរើន វណ្ណទាំងនោះ មានសេចក្តីវិសេសជាងគ្នា ផ្សេងគ្នាក្នុងហេតុនុ៎ះឯង។ បពិត្រមហារាជ តថាគត មិនពោលនូវអំពើផ្សេងៗ បន្តិចបន្តួចក្នុងហេតុនុ៎ះ គឺវិមុត្តិដោយវិមុត្តិទេ។ បពិត្រមហារាជ ដូចបុរសយកឧសសាលព្រឹក្ស ដែលស្ងួត មកបង្កាត់ភ្លើង ភ្លើងក៏កើតឡើង។ មានបុរសម្នាក់ទៀត យកឧសស្វាយ ដែលស្ងួតមកបង្កាត់ភ្លើង ភ្លើងក៏កើតឡើងដែរ។ បុរសម្នាក់ទៀត យកឧសល្វា ដែលស្ងួតមកបង្កាត់ភ្លើង ភ្លើងក៏កើតភ្លើងឡើងដែរ។ បពិត្រមហារាជ ព្រះអង្គសំគាល់នូវសេចក្តីនោះ ថាដូចម្តេច អំពើបន្តិចបន្តួចផ្សេងៗ របស់ភ្លើងទាំងនោះ ដែលកើតអំពីឧសផ្សេងៗ គឺអណ្តាតភ្លើងដោយអណ្តាតភ្លើងក្តី ពណ៌ដោយពណ៌ក្តី ពន្លឺដោយពន្លឺក្តី ខុសគ្នាដែរឬ។
ID: 636830322409520272
ទៅកាន់ទំព័រ៖