ព្រះត្រៃបិដក ភាគ ២៤
នែសម្លាញ់ កម្រាលស្មៅថ្មីនេះ ដែលភារទ្វាជគោត្តឯងក្រាលទុក ក្នុងរោងសម្រាប់បូជាភ្លើង បម្រុងអ្នកណា ទំនងគួរជាទីសប្បាយរបស់សមណៈទេដឹង។ ម្នាលមាគណ្ឌិយៈដ៏ចំរើន មានសមណៈ ជាគោតមគោត្ត ជាសក្យបុត្រ ចេញចាកសក្យត្រកូលបួស កិត្តិស័ព្ទដ៏ល្អ នៃព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ចំពោះព្រះអង្គដោយប្រពៃ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់ នូវត្រៃលោក ព្រះអង្គប្រសើរ ដោយសីលាទិគុណ មិនមានបុគ្គលណាមួយស្មើ ព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ខ្ញុំក្រាលសេយ្យានេះ បម្រុងព្រះគោតមដ៏ចំរើនអង្គនោះ។ ម្នាលភារទ្វាជៈ ពួកយើងបានឃើញទីសេយ្យា របស់ព្រះគោតមដ៏ចំរើន ជាអ្នកកំចាត់បង់នូវសេចក្តីចំរើនចោលចេញនោះ ឈ្មោះថា បានឃើញនូវហេតុដែលគេមិនគួរឃើញទេ
(១)តើ។
(១) លទ្ធិពួកព្រាហ្មណ៍ថា អ្នកណាឃើញទីកន្លែងព្រះសម្មាសម្ពុទ្ធជាម្ចាស់ អ្នកនោះ ឈ្មោះថា អភ័ព្វ បានជាគេពោលថា ឃើញហេតុដែលគេមិនគួរឃើញ ដូច្នេះ។
ID: 636830161464222796
ទៅកាន់ទំព័រ៖