ព្រះត្រៃបិដក ភាគ ២៤
[៣៩] ព្រះមានព្រះភាគ បានទ្រង់ព្រះសណ្តាប់ភារទ្វាជព្រាហ្មណ៍ ដែលកំពុងនិយាយចរចាជាមួយនឹង មាគណ្ឌិយបរិព្វាជក ដោយព្រះសោតធាតុដ៏ជាទិព្វ បរិសុទ្ធ កន្លងហួសសោតធាតុ របស់មនុស្សធម្មតា។ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ (ផលសមាបត្តិ) ក្នុងសាយណ្ហសម័យ ស្តេចចូលទៅកាន់រោងសម្រាប់បូជាភ្លើង របស់ភារទ្វាជគោត្តព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើកម្រាលស្មៅ ដែលភារទ្វាជគោត្តព្រាហ្មណ៍ក្រាលថ្វាយ។ គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ និយាយពាក្យសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភារទ្វាជគោត្តព្រាហ្មណ៍ ដែលអង្គុយក្នុងទីដ៏សមគួរហើយ យ៉ាងនេះថា ម្នាលភារទ្វាជៈ ចុះពាក្យចរចា ដែលអ្នកបាននិយាយជាមួយនឹងមាគណ្ឌិយបរិព្វាជក ប្រារព្ធរឿងកម្រាលស្មៅនេះ ចុះសម្រុងគ្នា ដូចម្តេចទៅ។ កាលព្រះអង្គ ទ្រង់ត្រាស់យ៉ាងនេះហើយ
ID: 636830162121970417
ទៅកាន់ទំព័រ៖