ព្រះត្រៃបិដក ភាគ ២៤
ភារទ្វាជគោត្តព្រាហ្មណ៍ ភ្ញាក់ព្រើត កើតសេចក្តីព្រឺរោម ហើយបានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា យើងខ្ញុំព្រះអង្គ បម្រុងនឹងក្រាបទូលពាក្យនុ៎ះ ចំពោះព្រះមានព្រះភាគជាម្ចាស់ដែរ ស្រាប់តែព្រះគោតមជាម្ចាស់ ទ្រង់ត្រាស់សួរ នូវពាក្យដែលខ្ញុំព្រះអង្គ មិនទាន់ក្រាបទូល។ ក៏ឯពាក្យជាចន្លោះនេះ ដែលព្រះមានព្រះភាគ កំពុងតែចរចាជាមួយនឹងភារទ្វាជគោត្តព្រាហ្មណ៍ ក៏ដាច់ពាក់កណ្តាលទៅ។ គ្រានោះ មាគណ្ឌិយបរិព្វាជក កំពុងដើរចង្ក្រមត្រាច់ទៅមក ដើម្បីនឹងសម្រាកស្មង ក៏ចូលទៅគាល់ព្រះមានព្រះភាគ ឯរោងសម្រាប់បូជាភ្លើង របស់ភារទ្វាជគោត្តព្រាហ្មណ៍ លុះចូលទៅដល់ហើយ ទើបក្រាបទូលរាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[៤០] ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងមាគណ្ឌិយបរិព្វាជក ដែលអង្គុយក្នុងទីដ៏សមគួរហើយ យ៉ាងនេះថា ម្នាលមាគណ្ឌិយៈ ចក្ខុតែងមានរូបជាទីរីករាយ ត្រេកអរក្នុងរូប ត្រេកត្រអាលក្នុងរូប ចក្ខុនោះ ព្រះតថាគត បានទូន្មាន គ្រប់គ្រង រក្សា សង្រួមរួចហើយ មួយយ៉ាងទៀត ព្រះតថាគត បានសំដែងធម៌ ដើម្បីសង្រួមចក្ខុនោះ
ID: 636830162406786708
ទៅកាន់ទំព័រ៖