ព្រះត្រៃបិដក ភាគ ២៤
ជាបច្ច័យ ជាតិកើតឡើង ព្រោះមានភពជាបច្ច័យ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីខ្លោចផ្សាចិត្តកើតឡើង ព្រោះមានជាតិជាបច្ច័យ ការដែលកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងកើតឡើង ដោយប្រការយ៉ាងនេះ។
[៥២] ខ្ញុំព្រះអង្គជ្រះថ្លា ចំពោះព្រះគោតមដ៏ចំរើនយ៉ាងនេះ ខ្ញុំព្រះអង្គលែងខ្វាក់ គប្បីក្រោកអំពីអាសនៈនេះបាន យ៉ាងណា សូមព្រះគោតមដ៏ចំរើន សំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គចុះ។ ម្នាលមាគណ្ឌិយៈ បើដូច្នោះ ចូរអ្នកសេពគប់នឹងពួកសប្បុរស ម្នាលមាគណ្ឌិយៈ កាលណាអ្នកសេពគប់នឹងពួកសប្បុរសហើយ ម្នាលមាគណ្ឌិយៈ កាលនោះ អ្នកនឹងបានស្តាប់នូវព្រះសទ្ធម្ម ម្នាលមាគណ្ឌិយៈ កាលណាអ្នកស្តាប់ព្រះសទ្ធម្មហើយ ម្នាលមាគណ្ឌិយៈ កាលនោះ អ្នកនឹងបានប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ ម្នាលមាគណ្ឌិយៈ កាលណាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ហើយ ម្នាលមាគណ្ឌិយៈ កាលនោះ អ្នកនឹងដឹងដោយខ្លួនឯង ឃើញច្បាស់ដោយខ្លួនឯងថា នេះជារោគ នេះជាបូស នេះជាកូនសរ រោគបូស និងកូនសរ រមែងរលត់ទៅ ឥតមានសេសសល់ ក្នុងទីនេះ ការរលត់ទៅនៃភព របស់អាត្មាអញនោះ ព្រោះរលត់ឧបាទាន
ID: 636830169453599763
ទៅកាន់ទំព័រ៖