ព្រះត្រៃបិដក ភាគ ២៤

ព្រាហ្មណ៍​ ​ដែល​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ល្អ​ ​ហើយ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​បញ្ញា​របស់​ខ្លួន​ ​ហើយ​អាច​សំដែង​បាន​ ​ក៏​មិន​មាន​ក្នុង​លោក​ឡើយ​ ​បុរស​នេះ​ ​កើតអំពី​មហាភូតរូប៤​ ​លុះ​ធ្វើ​មរណកាល​ក្នុង​វេលា​ណា​ ​បឋវីធាតុ​ខាងក្នុង​ ​ក៏​ប្រែក្លាយ​ទៅជា​បឋវីធាតុ​ខាងក្រៅ​ ​អាបោធាតុ​ខាងក្នុង​ ​ក៏​ប្រែក្លាយ​ទៅជា​អាបោធាតុ​ខាងក្រៅ​ ​តេជោធាតុ​ខាងក្នុង​ ​ក៏​ប្រែក្លាយ​ទៅជា​តេជោធាតុ​ខាងក្រៅ​ ​វាយោធាតុ​ខាងក្នុង​ ​ក៏​ប្រែក្លាយ​ទៅជា​វាយោធាតុ​ខាងក្រៅ​ ​ឥន្ទ្រិយ​ទាំងឡាយ​ ​ក៏​អណ្តែត​ត្រសែត​ទៅ​ឯអាកាស​ ​ពួក​បុរស​ ​(​៤នាក់​)​ ​មាន​គ្រែ​ជា​គំរប់៥​ ​សែង​យក​បុរស​ស្លាប់​ ​(​នោះ​)​ ​ទៅ​ ​ស្នាមជើង​ ​គឺ​គុណ​ ​និង​ទោស​ ​ក៏​ប្រាកដ​នៅ​កំណត់​ត្រឹម​ទី​ឈាបនកិច្ច​ប៉ុណ្ណោះ​ ​សល់​នៅតែ​ឆ្អឹង​ដែល​មាន​សម្បុរ​ ​(​ប្រ​ផែះ​)​ ​ដូចជា​ស្លាប​នៃ​សត្វ​ព្រាប​ ​ឯ​គ្រឿង​សក្ការបូជា​ ​មាន​ផែះ​ជាទីបំផុត​ ​ទាន​នេះ​ ​ពួក​មនុស្ស​ពាល​កំ​ឡៅ​ ​បញ្ញត្តទុក​មក​ទេ​ ​ជន​ទាំងឡាយ​ណា​ ​ពោល​ពាក្យ​ថា​ ​អំពើ​មាន​ទាន​ជាដើម​ ​មានផល​ ​ពាក្យ​របស់​ជន​ទាំងនោះ​ ​ជា​ពាក្យ​កុហក​ទទេ​ ​ជនពាល​ក្តី​ ​ជន​ជា​បណ្ឌិត​ក្តី​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ហើយ​ ​រមែង​ដាច់​សូន្យ​ ​វិនាស​បាត់បង់​ ​មិនកើត​វិញទៀត​ឡើយ​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636830172007395831
ទៅកាន់ទំព័រ៖