ព្រះត្រៃបិដក ភាគ ២៤
[៥៧] ម្នាលសន្ទកៈ វិញ្ញូបុរស រមែងពិចារណាក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏ចំរើននេះឯង តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខ មិនមាន ការប្រតិបត្តិខុស ឬត្រូវ ចំពោះមាតា មិនមានផល ការប្រតិបត្តិខុស ឬត្រូវ ចំពោះបិតា មិនមានផល សត្វជាឱបបាតិកៈកំណើត មិនមាន ពួកសមណៈ និងព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ហើយធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញារបស់ខ្លួន ហើយអាចសំដែងបាន ក៏មិនមានក្នុងលោកឡើយ បុរសនេះ កើតអំពីមហាភូតរូប៤ លុះធ្វើមរណកាលទៅវេលាណា បឋវីធាតុខាងក្នុង ក៏ប្រែក្លាយទៅជាបឋវីធាតុខាងក្រៅ អាបោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាអាបោធាតុខាងក្រៅ តេជោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាតេជោធាតុខាងក្រៅ វាយោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាវាយោធាតុខាងក្រៅ ឥន្ទ្រិយទាំងឡាយ ក៏អណ្តែតត្រសែតទៅឯអាកាស ពួកបុរស (៤នាក់) មានគ្រែជាគំរប់៥
ID: 636830172265430590
ទៅកាន់ទំព័រ៖