ព្រះត្រៃបិដក ភាគ ២៤
បាបក៏មិនឲ្យផលឡើយ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយខាងស្តាំនៃទន្លេគង្គា ហើយសម្លាប់សត្វ ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់(នូវអវយវៈ មានដៃជាដើម) របស់អ្នកដទៃ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើគេ ឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ មិនមានទេ អំពើបាប ក៏មិនឲ្យផលឡើយ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយខាងឆ្វេង នៃទន្លេគង្គា ហើយឲ្យទាន ឬប្រើគេឲ្យៗ បូជា ឬប្រើគេឲ្យបូជា បុណ្យដែលមានអំពើនោះ ជាហេតុ មិនមានទេ អំពើបុណ្យ មិនឲ្យផលឡើយ បុគ្គលធ្វើកុសល ដោយឲ្យទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈ បុណ្យដែលមានអំពើនោះជាហេតុ មិនមានទេ អំពើបុណ្យ មិនមានផលឡើយ។ បើពាក្យរបស់គ្រូដ៏ចំរើននេះ ជាពាក្យពិតមែន សមណកម្ម ដែលអាត្មាអញ បានធ្វើហើយក្នុងសម័យនុ៎ះ ក៏ទុកដូចជាមិនបានធ្វើ ព្រហ្មចរិយធម៌ ដែលអាត្មាអញ បានប្រព្រឹត្តហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជាអាត្មាអញ មិនបានប្រព្រឹត្ត ឯយើងទាំងពីរនាក់ ជាមនុស្សស្មើៗគ្នា ដល់នូវភាពស្មើគ្នា ក្នុងសមណធម៌នុ៎ះ ប៉ុន្តែអាត្មាអញ គ្រាន់តែមិនបាននិយាយថា យើងទាំងពីរនាក់ កាលធ្វើបាប ក៏ឈ្មោះថា មិនធ្វើ។ ក៏គ្រូដ៏ចំរើននេះ ប្រព្រឹត្តអាក្រាត កោរត្រងោល ព្យាយាមអង្គុយច្រហោង ប្រព្រឹត្តដកសក់ និងពុកមាត់ ពុកចង្កា យ៉ាងតឹងលើសលុប
ID: 636830173571075269
ទៅកាន់ទំព័រ៖