ព្រះត្រៃបិដក ភាគ ២៤
[៧៩] សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតមនេះឯង ព្រះអង្គមានពួក មានគណៈ ជាគណាចារ្យ ព្រះអង្គមានកេរ្តិឈ្មោះល្បីល្បាញ ព្រះអង្គមានយស ព្រះអង្គជាមេលទ្ធិ ដែលពួកជនច្រើន សន្មតហើយថា ជាសប្បុរស ក៏ព្រះសមណគោតមនោះឯង ពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជា ទាំងពួកសាវ័ក ធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យនឹងព្រះសមណគោតមថែមទៀត។ ព្រោះធ្លាប់ឮថា ព្រះសមណគោតម បានសំដែងធម៌ ដល់បរិស័ទជាច្រើនរយ។ ក្នុងបរិស័ទនោះ មានសាវ័កម្នាក់ របស់ព្រះសមណគោតមក្អកហើយ។ មានសព្រហ្មចារីបុគ្គលម្នាក់ យកជង្គង់ទង្គិចសាវ័កនោះថា លោកមានអាយុ ចូរមានសំឡេងតិចៗ លោកមានអាយុ កុំធ្វើឲ្យឮសូរឡើយ ព្រោះព្រះមានព្រះភាគ ជាសាស្តារបស់យើងទាំងឡាយ កំពុងសំដែងធម៌។ ព្រះសមណគោតមសំដែងធម៌ ដល់បរិស័ទច្រើនរយ ក្នុងសម័យណា ក្នុងសម័យនោះ សំឡេងកណ្តាស់ក្តី សំឡេងក្អកក្តី នៃពួកសាវ័ក របស់ព្រះសមណគោតម ឥតមានដល់តិចឡើយ
ID: 636830184617457086
ទៅកាន់ទំព័រ៖