ព្រះត្រៃបិដក ភាគ ២៤
សរសើរចំពោះញាណទស្សនៈ ដ៏រុងរឿងថា ព្រះសមណគោតម កាលបើដឹង ទើបនិយាយថា តថាគតដឹង ព្រះសមណគោតម កាលបើឃើញ ទើបនិយាយថា តថាគតឃើញ ព្រះសមណគោតម តែងសំដែងធម៌ ដើម្បីសេចក្តីត្រាស់ដឹង មិនមែនសំដែងធម៌ ដើម្បីសេចក្តីមិនត្រាស់ដឹងទេ ព្រះសមណគោតម តែងសំដែងធម៌ ប្រកបដោយហេតុ មិនមែនសំដែងធម៌ឥតហេតុទេ ព្រះសមណគោតម តែងសំដែងធម៌ ប្រកបដោយបាដិហារិយ៍ មិនមែនសំដែងធម៌ឥតបាដិហារិយ៍ទេ ណា។ ម្នាលឧទាយិ នេះឯងជាធម៌ទី២ ដែលនាំឲ្យពួកសាវ័ក របស់តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត)។
[៩២] ម្នាលឧទាយិ មួយទៀត ពួកសាវ័ករបស់តថាគត សរសើរចំពោះអធិប្បញ្ញាថា ព្រះសមណគោតម ព្រះអង្គមានប្រាជ្ញា ទ្រង់ប្រកបហើយដោយបញ្ញាខន្ធ ដ៏ប្រសើរបំផុត ឯពាក្យថា ព្រះសមណគោតម មិនឃើញនូវគន្លងនៃវាទៈនោះ ដែលមិនទាន់មានមក ឬថា ព្រះសមណគោតម មិនមែនសង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាការសង្កត់សង្កិនដោយល្អ ប្រកបដោយហេតុបានទេ ដូច្នេះនុ៎ះ មិនមានសោះឡើយ។ ម្នាលឧទាយិ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច
ID: 636830189034189708
ទៅកាន់ទំព័រ៖