ព្រះត្រៃបិដក ភាគ ២៤
[៩៥] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់ពួកសាវ័ក ដែលជាហេតុឲ្យពួកសាវ័ករបស់តថាគត ប្រតិបត្តិ ហើយចំរើននូវសម្មប្បធានទាំង៤ប្រការ។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ញុំាងសេចក្តីប្រាថ្នាឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គង តំកល់ចិត្ត ដើម្បីញុំាងពួកធម៌ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងសេចក្តីប្រាថ្នាឲ្យកើត ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គងតំកល់ចិត្ត ដើម្បីលះបង់នូវពួកធម៌ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ញុំាងសេចក្តីប្រាថ្នាឲ្យកើត ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គងតំកល់ចិត្ត ដើម្បីញុំាងពួកធម៌ជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ញុំាងសេចក្តីប្រាថ្នាឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងតំកល់ចិត្ត ដើម្បីញុំាងពួកធម៌ ជាកុសល ដែលកើតឡើងហើយ ឲ្យតាំងនៅបាន ដើម្បីមិនឲ្យវង្វេងភ្លេច ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើនបរិបូណ៌ឡើង។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងសម្មប្បធានធម៌ទាំងនោះ។
ID: 636830190232078224
ទៅកាន់ទំព័រ៖