ព្រះត្រៃបិដក ភាគ ២៤

សីល​ជាកុសល​ ​កើតអំពី​ចិត្ត​នេះ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ចុះ​សីល​ ​ជាកុសល​ទាំងនេះ​ ​រលត់​ឥត​សេសសល់​ ​ក្នុង​ទីណា​។​ ​ការ​រលត់​របស់​សីល​ទាំងនោះ​ ​បាន​ពោល​រួចហើយ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​ប៉ុន្តែ​មិនទាន់​សម្រេច​ត្រឹម​សីល​ប៉ុណ្ណោះទេ​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ផង​ ​តាម​សេចក្តី​ពិត​ថា​ ​សីល​ជាកុសល​ទាំងនោះ​ ​របស់​ភិក្ខុ​នោះ​ ​រមែង​រលត់​ឥត​សេសសល់​ ​ក្នុង​អរហត្តផល​។​ ​ម្នាល​នាយ​ជាងឈើ​ ​ចុះ​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ ​ទើប​ហៅថា​ ​ប្រតិបត្តិ​ ​ដើម្បី​រំលត់​សីល​ទាំងឡាយ​ជាកុសល​។​ ​ម្នាល​នាយ​ជាងឈើ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ខំប្រឹង​ប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​តម្កល់ចិត្ត​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ដ៏​លាមក​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ ​ដើម្បី​លះបង់​ពួក​ធម៌​ជាអកុសល​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​ដើម្បី​ញុំាង​ពួក​ធម៌​ជាកុសល​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​។​បេ​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ខំប្រឹង​ប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​តម្កល់ចិត្ត​ ​ដើម្បី​ញុំាង​ពួក​ធម៌​ ​ជាកុសល​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ឋិតថេរ​ ​មិន​ឲ្យ​វិនាស​ ​ឲ្យ​រឹងរឹតតែ​ធំ​ទូលាយ​ចម្រើន​ ​ពេញ​បរិបូណ៌​ឡើង​។​ ​ម្នាល​នាយ​ជាងឈើ​ ​បុគ្គល​ប្រតិបត្តិ​យ៉ាងនេះ​ ​ទើប​ហៅថា​ ​ប្រតិបត្តិ​ ​ដើម្បី​រំលត់​សីល​ទាំងឡាយ​ជាកុសល​។
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636830203546669775
ទៅកាន់ទំព័រ៖