ព្រះត្រៃបិដក ភាគ ២៤

 [​១៦៥​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​រឿងរ៉ាវ​ធ្លាប់​មាន​មក​ហើយ​ ​ក្នុង​ប្រទេស​នេះ​ ​មាន​និគម​មួយ​ឈ្មោះ​វេភ​ឡិ​គៈ​ ​ជា​និគម​ស្តុកស្តម្ភ​ ​មាំមួន​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​កុះករ​។​ ​ម្នាល​អានន្ទ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ធ្លាប់​ចូល​មកស​ម្រេច​សម្រាន្ត​ឥរិយាបថ​ ​ក្នុង​វេភ​ឡិ​គ​និគម​នោះ​ឯង​។​ ​ម្នាល​អានន្ទ​ ​អារាម​របស់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាននៅ​ក្នុង​ទីនេះ​។​ ​ម្នាល​អានន្ទ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​តែង​គង់​ឲ្យ​ឱវាទ​ភិក្ខុសង្ឃ​ក្នុង​ទីនេះ​។​
 [​១៦៦​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក្រាល​សង្ឃាដិ​មាន​ជាន់៤​ ​ហើយ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​សិន​ ​កាលបើ​ព្រះអង្គ​គង់​ហើយ​ ​ភូមិប្រទេស​នេះ​ ​នឹង​បាន​ឈ្មោះថា​ ​មាន​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ពីរ​ព្រះអង្គ​ប្រើប្រាស់​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​គង់​លើ​អាសនៈ​ ​ដែល​ព្រះ​អានន្ទ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​គង់​ស៊ប់​ហើយ​ ​ក៏​ត្រាស់​ទៅ​នឹង​ព្រះ​អានន្ទ​ ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​រឿងរ៉ាវ​ធ្លាប់​មាន​មក​ហើយ​ ​ក្នុង​ប្រទេស​នេះ​ ​មាន​និគម​មួយ​ឈ្មោះ​ ​វេភ​ឡិ​គៈ​ ​ជា​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636830231779394594
ទៅកាន់ទំព័រ៖