ព្រះត្រៃបិដក ភាគ ២៤
[១៧៥] ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសីនោះ។ ម្នាលអានន្ទ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ បានឮដំណឹងថា ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពុទ្ធដំណើរមកដល់ក្រុងពារាណសីហើយ ឥឡូវទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ម្នាលអានន្ទ វេលានោះ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ បង្គាប់រាជបុរស ឲ្យរៀបចំយានដ៏ល្អៗ ហើយឡើងគង់យានដ៏ល្អ ស្តេចចេញទៅអំពីក្រុងពារាណសី ដោយយានដ៏ល្អៗ ដោយព្រះរាជានុភាពដ៏ប្រសើរ ដើម្បីគាល់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះបរយានទៅទល់ត្រឹមទី ដែលល្មមឈប់យានហើយ ក៏ចុះអំពីយាន ទ្រង់ស្តេចទៅដោយព្រះបាទទទេ ចូលសំដៅទៅគាល់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះស្តេចចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ រួចប្រថាប់ក្នុងទីសមគួរ។
ID: 636830234996938627
ទៅកាន់ទំព័រ៖