ព្រះត្រៃបិដក ភាគ ២៤
សេចក្តីសុខ ជាអ្នកដែលគេបីបាច់រក្សាដោយសុខ នែរដ្ឋបាលកូន បាឯង មិនដែលស្គាល់ទុក្ខបន្តិចបន្តួចសោះឡើយ នែបារដ្ឋបាលកូន អ្នកចូរមកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើចុះ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើហើយ ចូរបរិភោគកាម ទាំងធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើងមិនអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ទៅបួសទេ ទុកជាដល់ស្លាប់ យើងក៏មិនចង់ឃ្លាតពីបាដែរ ចំណង់បើបានៅរស់ (យ៉ាងនេះ) តើយើងនឹងអនុញ្ញាត ឲ្យចេញចាកផ្ទះ ទៅបួសដូចម្តេចបាន។ រដ្ឋបាលកុលបុត្រ បាននិយាយនឹងមាតាបិតា ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផង យ៉ាងនេះថា បពិត្រមាតាបិតា ខ្ញុំយល់ច្បាស់នូវធម៌ ដែលព្រះមានជោគ ទ្រង់សំដែង យ៉ាងណា តែព្រហ្មចរិយៈនេះ មិនមែនសម្រាប់បុគ្គល អ្នកនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្ត ឲ្យបរិបូណ៌សព្វគ្រប់ ឲ្យបរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេដុសខាត់ហើយ យ៉ាងនោះទេ ខ្ញុំប្រាថ្នានឹងកោរសក់ ពុកមាត់ ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅបួស ហេតុនេះ សូមមាតាបិតា អនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសចុះ។
ID: 636830241138299893
ទៅកាន់ទំព័រ៖