ព្រះត្រៃបិដក ភាគ ២៤
តាមពិត មានច្រើនលើសប្រមាណណាស់ ពួកភិក្ខុនី ដែលជាសាវិការបស់តថាគត បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤។
[១៧] ព្រះគោតមដ៏ចំរើន លើកទុកចុះ ទាំងពួកភិក្ខុ ភិក្ខុនី ក៏លើកទុកដែរ ចុះគ្រហស្ថ ជាឧបាសកម្នាក់ ដែលជាសាវ័ករបស់ព្រះគោតមដ៏ចំរើន ស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ជាឱបបាតិកៈកំណើត នឹងបរិនិព្វានក្នុងទីនោះ មិនបានត្រឡប់ចាកលោកនោះជាធម្មតា ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម៥ មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែនមានត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ តាមពិត មានច្រើនលើសប្រមាណណាស់ ពួកគ្រហស្ថ ដែលជាឧបាសក ជាសាវ័ករបស់តថាគត ស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ជាឱបបាតិកៈកំណើត នឹងបរិនិព្វានក្នុងទីនោះ មិនបានត្រឡប់អំពីលោកនោះ ជាធម្មតា ព្រោះអស់ទៅនៃសំយោជនៈ ដែលជាចំណែកខាងក្រោម៥។ ព្រះគោតមដ៏ចំរើន សូមលើកទុកចុះ ពួកភិក្ខុ ភិក្ខុនី ក៏លើកទុកចុះ
ID: 636830152519791204
ទៅកាន់ទំព័រ៖