ព្រះត្រៃបិដក ភាគ ២៤
[២១១] ព្រះរដ្ឋបាលដ៏ចំរើន សំដែងថា សត្វលោកសុទ្ធតែមានសេចក្តីខ្វះខាត មិនចេះឆ្អែត ជាខ្ញុំនៃតណ្ហា បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃភាសិតនេះ តើត្រូវយល់ដោយប្រការដូចម្តេច។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះអង្គគ្រប់គ្រងដែនកុរុ ដែលជាដែនស្តុកស្តម្ភហើយឬ។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំគ្រប់គ្រងដែនកុរុ ដែលជាដែនស្តុកស្តម្ភមែន។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះដូចម្តេច បុរសរបស់ព្រះអង្គក្នុងទីនេះ ដែលគួរជឿពាក្យ គួរទទួលស្តាប់ពាក្យបាន មកអំពីទិសខាងកើត។ បុរសនោះចូលមកគាល់ព្រះអង្គ ហើយក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គជ្រាប ខ្ញុំព្រះអង្គទើបនឹងមកអំពីទិសខាងកើត បានឃើញជនបទធំ ក្នុងទិសនោះ ជាជនបទមាំមួន ស្តុកស្តម្ភ មានជនច្រើន មានមនុស្សកុះករ ក្នុងជនបទនោះ មានពួកពលដំរី ពលសេះ ពលរថ និងពលថ្មើរជើងជាច្រើន ក្នុងជនបទនោះ មានភ្លុក និងស្បែកជាច្រើន ក្នុងជនបទនោះ មានមាសប្រាក់ ដែលគេមិនទាន់ធ្វើខ្លះ ធ្វើរួចហើយខ្លះជាច្រើន ក្នុងជនបទនោះ មានបរិវារស្ត្រីជាច្រើន ព្រះអង្គអាចនឹងច្បាំងយកបាន ដោយកំឡាំងពលត្រឹមប៉ុណ្ណោះ បពិត្រមហារាជ សូមព្រះអង្គច្បាំងយក តើព្រះអង្គនឹងធ្វើជនបទនោះ ដូចម្តេច។
ID: 636830251409259290
ទៅកាន់ទំព័រ៖